Thursday, June 18, 2009

អាពាហ៍ពិពាហ៍ខ្មែរ

អាពាហ៍ពិពាហ៍ខ្មែរ



សេចក្តីផ្តើម....................................................................................................១

គោលបំណងស្រាវជ្រាវ................ ..................................................................២

ប្រវត្តិបញ្ញា........................................................................................................២

វិធីសាស្រ្តស្រាវជ្រាវ........................................................................................២

ក. ពិធីចែចូវ....................................................................................................២

ខ.​ ពិធីស្តីដណ្តឹង............................................................................................៣

១. រកហោរា...................................................................................................៣

២. រកឈ្មាយ..................................................................................................៣

៣. អញ្ជើញញាតិ...........................................................................................៤

៤. រៀបចំនូន..................................................................................................៤

គ. ពិធីស៊ីស្លាកំជាប់ពាក្យ...............................................................................៦

ឃ. ចំណងដៃ.................................................................................................៧

ង.​ ការរៀបអាពាហ៍ពិពាហ៍ថ្ងៃទី (ថ្ងៃចូលរោង)..........................................៨

១. លក្ខណះប្រពៃណី......................................................................................៨

២. ពិធីស្នើសុំឲ្យទទូលស្គាល់...........................................................................៨

៣. ពិធីសុំទឹក សុំដី សុំព្រៃព្រឹក្សា......................................................................៩

៤. ពិធីសុំចូលរោង..........................................................................................១០

៥. ពិធីសុំគោលការណ៍...................................................................................១០

ច. ការរៀបអាពាហ៍ពិពាហ៍ថ្ងៃទី ២..................................................................១១

១. ពិធីក្រុងពាលី..............................................................................................១១

២. ពិធីស្តីដណ្តឹង.............................................................................................១២

៣. ពិធីហែកំណត់...........................................................................................១២

៤. ពិធីកាត់ផ្កាស្លា.............................................................................................១៣

៥. ពិធីកាត់សក់................................................................................................១៤

៦. ពិធីផ្សំផ្គុំ ផ្ទឹម...........................................................................................១៤

សរុបសេចក្តី...................................................................................................១៥












សេចក្តីផ្តើម

មង្គលការគឺជាការទទូលស្គាល់តាមផ្លូវច្បាប់រវាងបុរស និងស្រ្តី ដែលសុខចិត្តរូមកសាងសង្គមគ្រូសារ ជាមួយគ្នា។ នៅប្រទេសកម្ពុជា មង្គលការធ្វើឲ្យគ្រួសារពីរផ្សារចំណងមេត្រីភាពជាមួយគ្នា។ ដើម្បីចេះ ជួយគ្នាទៅវិញទៅមក។ មង្គលការប្រកបដោយសេចក្តីស្នេហា ជាការរួមសុខទុក្ខរវាងបុរសម្នាក់ និងស្រី្តម្នាក់ ដែលស្រលាញ់គ្នា ហើយសំរេចចិត្តថានឹងរស់នៅជាមួយគ្នាអស់មួយជីវិត។ មង្គលការ ប្រកបដោយសេចក្តីស្នេហាពិតប្រាកដ ជាពិធីមង្គលមួយដែលបង្ហាញអំពីការអបអរសាទរ និងការប្រារព្ធ ពិធីចំពោះសេចក្តីស្នេហាឲ្យមានលក្ខណះផ្លូវការ។ ជាពិសេសវាជានិមិត្តរូបនៃចំណងមេត្រីភាព ជាក់លាក់រវាងបុរសម្នាក់និងស្រី្តម្នាក់ ដែលប្រព្រឹត្តទៅនៅចំពោះមុខសាក្សី និងញាត្តិសន្តាន។ ដូច្នេះមង្គលការប្រកបដោយសេចក្តីស្នេហាពិតប្រាកដផ្តល់កំលាំងចិត្តដល់ការចុះកិច្ចសន្យា ព្រោះ កិច្ចសន្យាបានធ្វើោឡើងនៅចំពោះមុខសាក្សី ព្រមទាំងការពារសេចក្តីស្នេហាពោលគឺ ក្នុងគ្រាជួបប្រទះ នឹងការលំបាក អាចជួយឲ្យគូស្រករនោះចេះអត់ធ្មត់ចំពោះគ្មាទៅវិញទៅមក ដោយនឹកដល់ងនុស្សាវរីយ៍ នៃថ្ងៃរៀបមង្គលការរបស់ខ្លួន ហើយមិនធ្វើ ការសំរេចចិត្តឆាប់រហ័សក្នុងការចែកផ្លូវគ្នានៅពេលដែល មានបញ្ហា។ សេចក្តី ស្នេហាកើតមាននៅក្នុងសង្គម ដោយសារតែមង្គលការ ត្បិតគូស្រករជាកោសិកា សារវន្តដំបូងគេនៃសង្គម។ ប្រសិនបើជីវិតជាគូស្រករទាំងឡាយ មិនបង្កើតកូនចៅទេ សង្គមក៏មិនអាច រស់រានមានដំណើរការទៅមុខទៀតដែរ។ ស្នេហាពិតប្រាកដ ផ្តល់ដៃគូម្ខាងៗស្គាល់តំលៃគ្នា ព្រោះយើង ជាអ្នក ជ្រើសរើស និងពេញចិត្តចំពោះដៃគូររបស់ខ្លួនជារៀងរហូត។ មង្គលការនេះក៏ផ្តល់ ឪកាសសម្រាប់សេចក្តីស្នេហានៃគូស្រករ ដើម្បីឲ្យកាន់តែចំរើនឡើង ពោលគឺ ស្វាមីភរិយា ត្រូវការ ពេលវេលាជាចំបាច់ ដើម្បី ស្វែងយល់ពីចំណងចំណូលចិត្តរបស់គូស្នេហ៍ និងសំរបសំរួលឥរិយាបទ របស់ខ្លួនទៅតាមគូស្នេហ៍ផងដែរ។ដូច្នេះ មង្គលការគឺការការពារសង្គមគ្រួសារ។



គោលបំណងស្រាវជ្រាវ

គោលបំណងស្រាវជ្រាវ ក្នុងប្រធានបទនេះ គឺដើម្បីទុកជាឯកសារ សំរាប់ឲ្យក្មេងជំនាន់ក្រោយ យល់ច្បាស់ពីទំនៀមទំលាប់ប្រពៃណីខ្មែរ និងជួយថែរក្សាទំនៀមទំលាប់នេះឲ្យបានយូរអង្វែង។ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ការរៀបអាពាហ៍ពិពាហ៍ គឺរៀបចំមិនបានពេញលេញតាមក្បួន ចាស់បុរាណ ដែលដូនតាបានបន្សល់ទុកទេ គឺគ្រាន់តែយកពិធីសំខាន់ៗមួយចំនួន និងគួបផ្សំជាមួយនិង វប្បធម៌ពីបរទេសដែលបានជាឥទ្ធិពលមកលើខ្មែរយើង ដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍តែប៉ុណ្ណោះ ហើយនិងធ្វើឲ្យពួកយើង ទទួលបាននូវចំនេះដឹងនិងបទពិសោធន៍។

ប្រវត្តិបញ្ញា

ដោយសង្គមខ្មែរមានការគ្រប់គ្រងតាមបែបមាតាធិបតេយ្យពោលគឺ របបលើកស្ត្រីធ្វើជាធំ ឬជា អ្នកដឹកនំាសង្គម ជា អ្នកគ្រប់គ្រងកិច្ចការ បានជាយើងឃើញមានច្បាប់ជាច្រើនអប់រំស្រ្តីអោយ មានសីលធម៌ខ្ពង់ខ្ពស់មានភាពឧត្តុងឧត្តម មានសុខភាពល្អប្រសើរ មានភាពបរិសុទ្ធគ្មានភាពមន្ទិល សៅហ្មង ប្រលាក់ប្រលូកដោយភាពគ្រោគគ្រាតណាមួយ គេគោរពកោតខ្លាច គេស្រាប់ហើយគេខំ ធ្វើតាមឥតខ្ចោះ។ ដូច្នេះបានជាពេលរៀបចំពិធីអាពាហ៍ពិពាហ៍កូនប្រុសត្រូវធ្វើតាមនិងឲ្យតំលៃខាងស្រ្តី ជាធំ។


ក. ពិធីចែចូវ

ពិធីចែចូវនេះ ឪពុកម្តាយ ឬអាណាព្យាបាលកូនប្រុសត្រូវជ្រើសរើសរកស្រីណាម្នាក់ដែលរស់នៅ ក្នុងស្រុកភូមិមានគូរស្រករត្រឹមត្រូវតាមប្រពៃណី (មិនអភព្វ័គូ) ហើយប្តីរបស់នាងរស់នៅសព្វថ្ងៃផង ជាស្រ្តីមានចរិយាសម្បត្តិល្អ បើនិយាយទៅរកអ្នកណាគេស្តាប់ គេគោរពកោតខ្លាចជាស្រ្តី មានជីវភាពធូធារជាងគេ នៅក្នុងភូមិនោះទៀតផង ពោលគឺជាស្រ្តីមានលក្ខណះសម្បត្តិ ជាម្តាយនៃមនុស្សទាំងពួងហើយមានកាយសម្បទាគ្រប់គ្រាន់ផង។ កាលបើពិនិត្យជ្រើសរើសបាន ហើយត្រូវចូលទៅពឹងពាក់ស្រ្តីនោះឲ្យចូលទៅចែចូវ។ស្រ្តីដែលគេពឹងពាក់នោះ ត្រូវប្រមើលមើលត្រកូល គឺត្រូវពិនិត្យលើពូជ ឪពុកម្តាយនិងចរិយាសម្បត្តិកូនប្រុស។ បើនាងយល់ថាមិនល្អ នាងនិយាយថា ខ្ញុំមិនហ៊ាននិយាយទេ។ តែបើនាងយល់ថាល្អសមរម្យហើយ នាងមិនថាអីទេ ខ្ញុំជួយនាំពាក្យនេះ ចូលទៅស្តីតាមដំណើររឿង។

ស្រ្តីដែលគេពឹងពាក់នេះ ក៏ចូលទៅផ្ទះម្តាយកូនស្រី ដោយលើកពាក្យអ្នកពឹងជំរាបថា លោក........និងអ្នកស្រី...........នៅភូមិ..........គេចង់ភ្ជាប់សាច់ឈាមជាមួយនាង តើនាងយល់យ៉ាងណា? ម្តាយកូនស្រីតែងសួរត្រលប់វិញថា កូនប្រុសគេឈ្មោះអ្វី? គេមានចរិយាសម្បត្តិបែបណា? ពូជពង្សវង្សត្រូកូលគេបែបណា? គ្រួសារនោះមានកូនប៉ុន្មាននាក់? ស្រីប៉ុន្មាន? ប្រុសប៉ុន្មាន? កូនប្រុសនោះជាកូនទីប៉ុន្មាន? បានបួសរៀន ឬទេ?ស្រីដែលគេពឹងនោះឆ្លើយតាមដំណើររឿង។ ក្រោយពីម្តាយកូនស្រីបានស្តាប់ហើយ ឆ្លើយប្រាប់តបវិញថា មិនអីទេចំាខ្ញុំពិគ្រោះជាមួយពុកវា និងបងប្អូនវាសិន។ ការឆ្លើយតបែបនេះ គឺដើម្បីទុកឧិកាសពិនិត្យលើពូជពងវង្សត្រកូល ឪពុកម្តាយនិងចរិយាសម្បត្តិរបស់សាមីខ្លួនកូនប្រុស។

ការចូលទៅជួបម្តាយកូនស្រីនេះ មិនមែនតែម្តងទេ ជួនកាលទៅលើក ទី១ លើកទី២លើកទី៣ ឬលើកទី៤ ទើបទទួល ផលវិជ្ជមាន ឬអវិជ្ជមាន។ បើបានលទ្ធផលជាវិជ្ជមាន អ្នកចេចូវត្រូវជំរាបសួរ ថ្ងៃ ខែ ឆ្នាំ កូនស្រីពីម្តាយកូនស្រី។

ខ. ពិធីស្តីដណ្តឹង

v ម្តាយ ឪពុកកូនប្រុស

កាលបើបានទទួលដំណឹងល្អពីអ្នកចែចូវភ្លាម មាតាបិតាកូនប្រុស៖

១. រកហោរា

ទៅរកហោរាមើលពេលវេលាជោគតារាសី ជាថ្ងៃត្រូវចូលទៅដណ្តឹងកូនស្រីលោកមាបាឲ្យបានល្អប្រសើរ បើហោរាទស្សន៍ទាយរកជោគតារាសី បានថ្ងៃណា ខែណា មាតាបិតាត្រូវទៅជំរាបអ្នកចែចូវថា ខ្ញុំបានទៅពឹងពររកហោរាមើលជោគតារាសី ជាថ្ងៃ ដែលត្រូវចូលស្តីដណ្តឹងកូនលោកមេបា នៅថ្ងៃនេះ ខែនេះ។ សូមនាងអញ្ជើញ ទៅជំរាបមាតាបិតាកូនស្រីឲ្យខ្ញុំដោយអនុគ្រោះផង។

២. រកឈ្មាយ

បើយោងតាមឯកសារព្រះបាទជ័យចេស្តាទី ឈ្មាយ តែក្រោយមកស្រុកខ្លះហៅថាធ្មាយ ស្រុកខ្លះហៅថាអ្នកផ្លូវ។ ពាក្យថាឈ្មាយ ប្រហែលជាក្លាយមកពីពាក្យឈ្មាយ មកពីឬសពាក្យជាយ បានន័យថាឈ្មាយអ្នកនិយាយបានតែពាក្យជាយៗ មិនអាចនិយាយដល់ការបង្គាប់រាប់ជាទេ។បន្ទាប់មកមាតាបិតាកូន ប្រុស ទៅអញ្ជើញនាងឈ្មាយឲ្យមកជួយនិយាយការតាមប្រពៃណីខ្មែរ។ តែមិននឹងទៅពឹងពររកស្រ្តីណា ម្នាក់មកធ្វើជាឈ្មាយនោះ ត្រូវពិនិត្យមើលលក្ខណះសម្បត្តិដូចតទៅ៖

- មានចរយាល្អប្រសើរ

- មានមាតាបិតា បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី

- ឯរូបនាងផ្ទាល់ ក៏មិនបានប្រព្រឹត្តអ្វីដែលខុសគន្លងប្រពៃណីដែរ

- មានប្តីនៅរយមរស់ជាមួយ មិនព្រាត់ប្រាសដោយប្រការណាមួយ

- មានត្រកូលខ្ពង់ខ្ពស់

- មានទ្រព្យសម្បត្តិច្រើនមធ្យម នៅក្នុងសង្គម

- ចេះគោរពប្តី

- ចេះថែរក្សាទ្រព្យ ដែលប្តីបានប្រគល់ឲ្យថែរក្សា

- បើនិយាយកិច្ចការណាមួយ គេស្តាប់ គេគោរពធ្វើតាម។

កាលបើពិនិត្យបានច្បាស់ថានាង នេះជាស្រី្តប្រកបដោយលក្ខណះសម្បត្តិ ស្របតាមប្រពៃណីហើយ មាតាបិតាកូនប្រុសចូលទៅរកនាងនោះមកធ្វើជាឈ្មាយ នៅក្នុងពិធីស្តីដណ្តឹងនេះ។ ពីបុរាណគេមិនដែលរកស្រី្តមេម៉ាយឬ ស្ត្រីនៅលីថមកធ្វើជាឈ្មាយឡើយ។

៣. អញ្ជើញញាតិ

ពីបុរាណកាល គេគោរពវិញ្ញាណក្ខន្ធបុព្វបុរសគេណាស់ ពីព្រោះគេខ្លាចវិញ្ញាណក្ខន្ធលោកទាំងនោះខឹងសំបាដោយមិនបានរាប់រកញាតិ។ដូច្នេះកាលបើមានការស្តីដណ្តឹងនេះត្រូវអញ្ជើញយាយតា មាមីង បងប្អូន ដែលមានជីវិតរស់នៅឲ្យមកជួយដឹងលឺក្នុងការស្តីដណ្តឹងនវផង និងជួយពិនិត្យលក្ខណះសម្បត្តិរបស់កូនស្រី ដែលខ្លួនស្តីដណ្តឹងផង។

៤. រៀបចំជំនូន

បើជិតដល់ពេលវេលាមាតាបិតាកូនប្រុស ត្រូវរៀបចំជំនួនទៅជូនលោកមេបាកូនស្រីឲ្យសមស្របតាមឋានះខ្លួននិងឋានះដន្លងដើម្បីឲ្យសមភ្នែកញាតិទាំងសងខាង។

v ម្តាយឪពុកកូនស្រី

បន្ទាប់ពីបានដំណឹងថា គេចូលមកស្តីដណ្តឹងកូនស្រីរបស់ខ្លួននៅថ្ងៃនេះ ខែនេះ មាតាបិតាកូនស្រីត្រូវ៖

- រៀបចំផ្ទះសម្បែងរបស់ខ្លួនឲ្យបានសមរម្យ

- អញ្ជើញចាស់ព្រឹទ្ធាចារ្យណាម្នាក់ មកធ្វើជាលោកមេបាសម្រាប់និយាយការជាមួយនឹងឈ្មាយ។

- អញ្ជើញភ្ញៀវដែលត្រូវអញ្ជើញដូចជាជីដូន ជីតា មីងមា បងប្អូនឲ្យសមតាមកាលៈទេសៈ និងធនធាន។ បើតាមប្រពៃណីខ្មែរ កាលបើមានគេស្តីដណ្តឹងកូនស្រីបែបនេះត្រូវតែអញ្ជើញញាតិ ដើម្បីជាលក្ខណរាប់អាន គ្នាផង ខ្លាចវិញ្ញាណក្ខន្ធបុព្ធបុរសខ្លួនខឹងសម្បាពីព្រោះមិនរាប់ញាតិ។

- ប្រុងប្រៀបរៀបចំភោជនាហារសម្រាប់ទទួលភ្ញៀវ ឲ្យសមតាមឋានៈរបស់ខ្លួន។

បើដល់ពេលវេលាភ្ញៀវទាំងសងខាង គឺភ្ញៀវខាងស្រី និងភ្ញៀវខាងប្រុស អញ្ជើញមកដល់ ផ្ទះម្តាយឳពុកកូនស្រី ភ្ញៀវទាំងសងខាងនេះ សម្តែងសេចក្តីរីករាយរកគ្នាទៅវិញទៅមក។

សូមបញ្ចាក់ថា ពីបុរាណកាល ការស្តីដណ្តឹងមានច្រើនលើកច្រើនសា យ៉ាងតិចណាស់ ក៏មានបីលើកដែរ ទើប ទំនាក់ទំនងល្អ​។ ឯរយៈពេលស្តីដណ្តឹងម្តងៗ យ៉ាងឆាប់ណាស់ ក៏មានរយៈពេលមួយខែដែរទើបទៅស្តីដណ្តឹងម្តងទៀត។ បន្ទាប់ពីការស្តីដណ្តឹង មានទំនាក់ទំនង ល្អហើយ ក្នុងរយៈពេលមួយខែ ឬយ៉ាងយូរណាស់ពីរខែ ត្រូវយកនំចំណីទៅជូន ម្តាយឳពុកកូនស្រីម្តង ដើម្បីសួរសុខទុក្ខដន្លងរបស់ខ្លួន។

ការធ្វើបែបនេះ ដើម្បីទុក្ខពេលឲ្យវែងឆ្ងាយរង់ចាំពិនិត្យថា៖

- តើចិត្តគំនិតកូនប្រុសស្រឡាញ់កូនខ្លួន ពិតប្រាកដមែនឬទេ?

- តើទឹកចិត្តដន្លងរបស់ខ្លួន មានករស្មោះត្រង់ដែរឬទេ?

- តើញាតិសន្តានជុំវិញ គេមានចិត្តគំនិតបែបណា?

- តើញាតិសន្តានរបស់ខ្លួន គេមានប្រតិកម្មដែរឬទេ?

ខ. ការស្តីដណ្តឹង

លើកទី១ លោកមេបា គ្រាន់តែអនុញ្ញាតឲ្យផ្លូវដើរ ជណ្តើរឡើងសម្រាប់ទំនាក់ទំនងពីកិច្ចការ ផ្សេងៗតែប៉ុណ្ណោះ។

លើកទី២ លោកមេបា គ្រាន់តែអនុញ្ញាតឲ្យពឹងពាក់ពំនាក់អាស្រ័យគ្នាទៅវិញទៅមកបាន។

លើកទី៣ លោកមេបាអនុញ្ញាត ឲ្យពេចពិលរមិលមើលរូបសម្បត្តិកូនប្រុស។ កាលបើលោកមេបា និងញាតិសន្តាន យល់ថា រូបសម្បត្តិកូនប្រុសសមរម្យហើយក៏តែងតែពោលបញ្ជាក់ តបវិញថាកូនប្រុសរបស់នាងមានលក្ខណៈល្អហើយ តែខ្ញុំមិនទាន់ដឹងច្បាស់អំពីចរិយាសម្បត្តិ កូនប្រុស របស់នាង នៅឡើយទេ។ នាងឈ្មាយដែលជាតំណាងមាតាបិតាកូនប្រុស ឆ្លើយពោលអំនួត សរសើរពីចរិយាសម្បត្តិកូនប្រុសភ្លាមថា កូនប្រុសនាងខ្ញុំមានចរិយាសម្បត្តិណាស់ មិនដែលបានប្រព្រឹត្ត ឆ្គាំឆ្គងនឹងក្រមសីលធម៌ណាមួយ ធ្វើឲ្យមានទំនាស់ទាន់ចិត្តដល់ញាតិមិត្តដទៃទៀតឡើយ។ គេតែង គោរពប្រតិបត្តិមាតាបិតា ចាស់ព្រឹទ្ធាចារ្យ និងញាតិមិត្តជិតឆ្ងាយជានិច្ច។ នៅក្នុងចំណោមញាតិមិត្ត អ្នកខាងទាំងអស់ តែងពោលសរសើរពី គុណសម្បត្តិកូនប្រុសនាងខ្ញុំគ្រប់ៗគ្នា មិនដាច់ពីមាត់។ លោកមេបាតែងពោលបញ្ចាក់តបវិញថា អើនាង! បើតាមរបាយការណ៍គួរឲ្យ ខ្ញុំស្រឡាញ់ កូនប្រុសនាងខ្លាំងណាស់។ តែខ្ញុំបានឃើញកូនប្រុសរបស់នាងតែមួយភ្លែតបែបនេះ ខ្ញុំមិន អាចយល់ដឹងច្បាស់បានថា កូនប្រុសរបស់នាងមានចរិយាសម្បត្តិល្អដូចនាងបានពោលរៀបរាប់ ប្រាប់ខ្ញុំអម្បាញ់មិញនេះទេ។ ប្រសិនបើខ្ញុំបានឃើញកូនប្រុសរបស់នាងញឹកញាប់ ឬបាននៅជាមួយ គ្នាអស់រយៈពេលយូរ ទើបខ្ញុំបានដឹងច្បាស់។ តើនាង យល់យ៉ាងណា? នាងឈ្លាយឆ្លើយ ចំពោះលោកមេបា ភ្លាមថា ប្រសិនបើលោកមេបាមិនមានការយស់ទាសៈទេ នាងខ្ញុំសូម ប្រគល់កូននាងខ្ញុំឲ្យនៅបម្រើលោកមេបាផ្ទាល់ ដើម្បីឲ្យលោកមេបាបានសង្កេតពិនិត្យ អំពីចរិយាសម្បត្តិ កូនប្រុសនាងខ្ញុំបានច្បាស់ថាតើចរិយាសម្បត្តិកូនប្រុសនាងខ្ញុំល្អដូចពាក្យ នាងខ្ញុំបានពោលជម្រាប ជូនអម្បាញ់មិញ ដែរឬទេ?

កាលបើមានបញ្ហានេះកើតឡើងភ្លាម លោកមេបាបែរសួរញាតិសន្តាន ជាពិសេសម្តាយឳពុកកូនស្រីថា ឥលូវនេះ នាងឈ្លាយមានយោបល់ប្រគល់កូនប្រុសរបស់ខ្លួនឲ្យមកនៅបម្រើ ដើម្បីឲ្យ លោកមេបាទាំងអស់ បានសង្កេតពិនិត្យ និងតាម ដានអំពីចរិយាសម្បត្តិកូនប្រុសនាង។ តើលោកមេបាទាំងអស់យល់យ៉ាងណា? កាលបើលោកមេបាធំមានប្រសាសន៍បែប នេះលោកមេបា ទាំងអស់ឆ្លើយតបព្រមគ្នាថាសូមឲ្យកូនប្រុសរបស់នាងនៅបម្រើចុះដើម្បីឲ្យយើងទាំងអស់គ្នា បានសង្កេត ពិនិត្យអំពីចរិយាសម្បត្តិបានច្បាស់លាស់។

នាងឈ្មាយ និងមាតាបិតា បងប្អូនប្រុស សូមថ្លែងអំណរគុណពីសន្តានចិត្តរបស់លោកមេបាទាំងអស់ ដែលបាន អនុញ្ញាតិឲ្យកូនប្រុសខ្ញុំនៅបម្រើ។ នាងខ្ញុំសូមប្រគល់កូនប្រុសជូនលោកមេបា នៅទីនេះ។ បើការខុសឆ្គងណាតូចតាចអាចស្តី ប្រដៅបាន សូមលោកមេបាអធ្យាស្រ័យស្តីប្រដៅដោយ អនុគ្រោះផង។

ចាប់ពីពេលកូនប្រុសមកនៅបម្រើ មាតាបិតា ញាតិសន្តានទាំងអស់ ព្រមទាំងសាម៉ីខ្លួនកូនស្រីផង ចាប់ផ្តើមសង្កេត ពិនិត្យកិរិយាមារយាទកូនប្រុស។ ការសង្កេតពិនិត្យនោះ អស់រយៈពេលតិចក្តី ច្រើនក្តី បើយល់ឃើញថា សមរម្យហើយ មាតាបិតាកូនស្រី ហៅកូនប្រុសមកប្រាប់ថា ឲ្យមាតាបិតាមករៀបចំធ្វើពិធីស៊ីស្លាកំជាប់ពាក្យ។

គ. ពិធីស៊ីស្លាកំជាប់ពាក្យ

ពិធីស៊ីស្លា មានកិច្ចរវល់ទាំងខាងកូនប្រុស ទាំងខាងកូនស្រី។ ឳពុកម្តាយខាងកូនប្រុស មានការប្រុងប្រៀមជាមុន៖

- រកហោគន់គូរពីពេលា រាសី ថ្ងៃ ខែ ឆ្នាំ ដែលត្រូវធ្វើ។

- ទៅពឹងពររកនារីដែលមានសមត្ថភាពទៅធ្វើជាឈ្លាយ និងបុរសដែលមានសមត្ថភាពទៅធ្វើជាមហា ចូលទៅ និយាយការសាជាថ្មីម្តងទៀត។

- កាលបើរកពេលារាសីបានហើយ ឳពុកម្តាយខាងកូនប្រុស ចូលទៅជម្រាបពីថ្ងៃពេលារាសី ដែលហោរាបាន គន់គូរដល់នាងឈ្មាយ លោកមេបាឲ្យទៅជម្រាបឳពុកម្តាយកូនស្រី ឬក៏ខ្លួនឯងទៅជម្រាបផ្ទាល់តែម្តងក៏បាន ប្រសិនបើឳពុកម្តាយកូនស្រីគេអនុញ្ញាត។ ការចូលទៅជម្រាបនេះឲ្យបានយូរថ្ងៃបន្តិច ដើម្បីទុកពេលឲ្យឳពុក ម្តាយកូនស្រីរៀបចំផ្ទះសម្បែង អញ្ជើញញាតិមិត្ត និងប្រុងប្រៀបភោជនាហារសម្រាប់ទទួលភ្ញៀវ។

- រកភស្តុភារបណ្ណាការ (ជំនូន) ទៅជូនលោកមេបា។

- អញ្ជើញមាមីង បងប្អូន ទៅចូលរួមតាមថ្ងៃកំណត់។

កាលបើដល់ថ្ងៃកំណត់ហើយ ឳពុកម្តាយកូនប្រុស នាំឈ្មាយ មហា អ្នកមុខអ្នកការ ញាតិមិត្ត ព្រមទាំងភស្តុភារ បណ្ណាការចូលទៅកាន់លំនៅឋានឳពុកម្តាយកូនស្រី សុំនុញ្ញាតពីលោកមេបា និយាយការសាជាថ្មីម្តងទៀត។

ឃ. ចំណងដៃ

ពិធីមង្គលការរបស់ប្រជាជនកម្ពុជាដំបូងកូនកម្លោះ និងក្រុមគ្រួសារហែរជំនូនទៅ ផ្ទះកូនក្រមុំ យកចំណងដៃឲ្យ គ្រួសាររបស់កូនក្រមុំ។ មិត្តនិងសមាជិកគ្រួសារបានណែនាំ ឲ្យផ្លាស់ប្តូរ ចិញ្ជៀនមង្គលការ។ ចម្រៀងប្រពៃណីបីបទ អម ដំណើរជាមួយនិងចំណងដៃ។

ពិធីហែរជំនូនទៅផ្ទះកូនក្រមុំ

- នាយព្រាហ្មណ៍ ហែរកូនកម្លោះ និងចម្រៀងច្រៀងថ្លាថ្លែងអំពីកូនកម្លោះ និងគ្រួសារ ហែរដូចជាសាច់ នំអន្សម ភេសជ្ជៈ ផ្លែឈើ និងបង្អែមគ្រប់មុខ ទៅផ្ទះកូនក្រមុំនៅថ្ងៃមង្គលការ។

- កិច្ចសន្យា រវាងអ្នកផ្លូវចៅមហា ឳពុកម្តាយ ញាតិសន្តាន និងមិត្តភក្តិកូនក្រមុំ កូនកម្លោះ ដែលក្នុងនោះគ្រួសារ និងមិត្តភក្តិកូនកម្លោះផ្តល់ឲ្យនូវចំណងដៃទៅឲ្យក្រុមគ្រួសារខាងកូនក្រមុំ។

- ពិសារស្លា៖ ការបង្ហាញនូវការពិសារស្លា គឺសម្រាប់អ្នកដែលមានអាយុចំណាស់ជាងកូនក្រមុំ និងកូនកម្លោះ ហោយនៅពេលនោះឳពុកម្តាយរបស់កូនទាំងពីរបានប្រសិទ្ធពរជ័យ និង ប្រាថ្នា អ្វីឲ្យបានសម្រេច។

- ពិធីសែនដល់សាច់ញាតិដែលបានចែកឋាន ប្រពៃណីទំនៀមទំលាប់ដុតធូប ត្រូវបានអនុវត្ត ដោយប្រជាជន ខ្មែរ និងចិន ក្នុងនោះកូនក្រមុំ និងកូនកម្លោះឧទ្ទិសជូនព្រលឹង បុព្វបុរសរបស់ពួកគេ​។

ង. ការរៀបអាពាហ៍ពិពាហ៍ថ្ងៃទី១ (ថ្ងៃចូលរោង)

១. លក្ខណៈប្រពៃណី

ជាធម្មតា កាលណាបើមានបញ្ហាលំបាកផ្នែកគំនិត គេត្រូវឲ្យនារី (ឈ្មាយ) ចូលទៅនិយាយ ការជាមួយលោក មេបា។ ជួនកាលគេឲ្យនារីតែម្នាក់ប្រសិនបើនារីនោះមានសមត្ថភាព គ្រប់សព្វធ្វើជាអ្នកចែចូវផង ជាអ្នកស្តីដណ្តឹងផង ជាអ្នក កំជាប់ពាក្យផង និងធ្វើជាឈ្លាយក្នុងពេល រៀបអាពាហ៍ពិពាហ៍ទៀត។

នារីជាឈ្មាយត្រូវតែចូលទៅគាល់លោកមេបានិយាយការអ្វីផ្សេងៗមុនលោកមហា ពីព្រោះនារី ជាមនុស្ស មង្គលទី១ សម្រាប់បង្កើតសុភមង្គលក្នុងគ្រួសារ និងសង្គមជាតិ។ ម៉្យាងទៀត នារីតែងមាន ភាពទន់ភ្លន់ មានសម្តីពិរោះ ចេះប្រើភាសា ខ្ពស់ទាប តាមលំដាប់លំដោយ។

ពេលចូលទៅគាល់លោកមេបាម្តងៗ លោកមេបាតែងតែមានការសណ្តោងប្រណី នុគ្រោះឲ្យ តាមសំណូមពរជា បន្តបន្ទាប់។ ម៉្យាងទៀតពីសម័យមុន ប្រុសៗគេច្រើនស្តាប់ គេច្រើនគោរពសម្តីស្រី ពិព្រោះស្រីៗ មានសម្តីផ្អែមល្ហែម សម្រាប់ ដឹកនាំសង្គមឲ្យមានមង្គលភាព និងមានការរីកបម្រើន មិនមានការទាស់ទែងខ្វែងគំនិតគ្នាឡើយ។

ពីបុរាណ ឈ្មាយមានបីនាក់ គេតែងប្រសិទ្ធនាមថា នាងពេជ្រ នាងមាស នាងប្រាក់។ តែកន្លែងខ្លះគេប្រសិទ្ធនាមថា នាងកែវ នាងកង នាងពីទូរ្យសូរ្យកាន្តវិញ។ កន្លែងខ្លះគេប្រសិទ្ធនាម ឲ្យនាងឈ្មាយផ្សេងពីនេះក៏មាន មិនមានលក្ខណៈដូច គ្នាទេ គឺគេរើសយក ឈ្មោះដែលសង្គមឲ្យតម្លៃថាល្អ មកដាក់ឈ្មោះសម្រាប់ហៅជាបនុស្សមង្គលទីមួយ។

២. ពិធីស្នើសុំឲ្យទទួលស្គាល់

ពេលព្រឹកព្រហាម ឈ្មាយ ឬមហា (ច្រើនតែមហា ពីព្រោះឈ្លាយជានារី ច្រើនមានភាពរវល់ច្រើន) ចូលទៅស្នើសួរ ចាស់ទុំត្រកូលរៀមច្បងទាំងអស់ថា លោកមេបាចាស់ទុំត្រកូលរៀមច្បងទាំងអស់ ដែលអង្គុយត្រៀបត្រានៅទីនោះ តើលោក បានចាត់លោកអ្នកណា ធ្វើជាមេបាធំ ដើម្បីឲ្យខ្ញុំស្នើសុំនិយាយការជាមួយ។ លោកចាស់ទុំទាំងអស់លើកដៃចង្អុល និងឆ្លើយ ព្រមគ្នាថា លោក... ធ្វើជាមេបាធំ។ ឈ្មាយ ឬមហា កាលបើបានដឹងច្បាស់ថា លោកអ្នកឯណាធ្វើជាមេបាធំហើយ ក៏អោន ក្បាលលូនទៅជិតជូន ទេយ្យវត្ថុរួចហើយ ក៏ថយក្រោយវិញ ចាប់និយាយថា ពីពេលមុននេះ ខ្ញុំបាន ឬនាងខ្ញុំបានស្គាល់ លោកមេបាច្បាស់លាស់ហើយ សូមលោកមេបាមេត្តត្រាប្រណីទោស។

៣. ពិធីសុំទឹក សុំដី សុំព្រៃព្រឹក្សា

ពីពេលនេះ ខ្ញុំបាទ ឬនាងខ្ញុំ សុំទាត់របង កន្លងសម្រាស់ សុំផ្លូវលោកដើរ សុំជណ្តើរលោកឡើង ផ្ទះលោកអង្គុយ និយាយការអស់យប់២ ថ្ងៃ៣ នោះលោកមេបាបានអនុញ្ញាតហើយបន្តទៅនេះ៖

- សុំដីសង់រោងផ្កាសា្ល រោងការ និងរោងដាំបាយ... បើលោកមេបាអនុញ្ញាតហើយ លោកមេបា ឬឈ្មាយចាប់ និយាយបន្តថា៖

- សុំវាលលែងក្របី សុំព្រៃកាប់ឈើសង់រោង សុំព្រៃរកអុស សុំត្រពាំង ឬអណ្តូងដងទឹក... (បើស្រុកទន្លេថា សុំ កំពង់ដងទឹក ចងទូក សុំព្រៃរកអុស...)។

សូមបញ្ជាក់ថា កាលពីបុរាណ ការសង់រោងនេះ ដើម្បីឲ្យមានសីរីសួស្តី ដូចជាខែពិសាខ ខ្យល់ច្រើនពីទិសខាងត្បូង កក្តិក ពីទិសខាងជើងច្រើន លោកអាចារ្យឲ្យ សង់រោងនៅទិសខាងលិចផ្ទះកូនស្រី។ បើខែបុស្ស ឬផល្គុណ មិនសូវមានខ្យល់ខ្លាំង លោកអាចារ្យពេលឲ្យសង់រោងនៅទិសខាងជើងផ្ទុះកូនស្រី។

ការសង្កេតផ្ទាល់ខ្លួន លោកមេបាមិនដែលអនុញ្ញាតអោយសង់រោងទៅទិសខាងកើត ឬខាងត្បូង ផ្ទះកូនស្រីឡើយ ប្រហែលជាលោកមេបាយល់ថាទិសខាងកើតជាទិសនាំសិរីមកឲ្យកូនស្រី ទិសខាងត្បូងជាទិសក្បាលដំណេក ឬជាទិស ក្បាលកូនស្រីទេដឹង? កាលបើ លោកអាចារ្យពេលាកំនត់ទីបានហើយ បញ្ជាឲ្យគេយកសំនែន អុជទៀនធូប បួងសួងសុំទឹក សុំដី សុំព្រៃ សង់រោងពីស្តេចក្រុងពាលី ព្រះភូម្មករ ព្រះធរណី អ្នករក្សាទឹកដីព្រៃទាំងអស់ សូមឲ្យយល់ព្រម និងផ្តល់សេចក្តីចម្រើនដល់ពិធីអាពាហ៍ពិពាហ៍នេះ។ កាលបើសែនរួច លោកអាចារ្យបង្គាប់ឲ្យ សង់រោងតាមការកំណត់ របស់ខ្លួន។

៤.ពិធីសុំចូលរោង

កាលបើធ្វើរោង និងរៀបចំស្រេចបាច់ហើយ លោកមហាទាំងបី ព្រមទាំងអ្នកមុខអ្នកការ ឡើងចូល ទៅគាល់លោកមេបា ស្នើសុំឲ្យលោកមេបាមេត្តាប្រណី សុំគោះគង ទូងភេរី កូតទ្រ ផ្លុំប៉ី ដេញចាប៉ី ដេញសាដៀវ ប្រគុំរៀបចំចូលរោងអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរ។ សូមលោកមេបា កុំមានការភ្ញាក់ផ្អើល។ កាលបើមានការយល់ព្រម ពីលោកមេបាហើយ លោកមហាចុះមករោងវិញ ចូលទៅជម្រាបលោកអាចារ្យពេលាថា លោកមេបាបានយល់ព្រមតាម ការស្នើសុំសព្វគ្រប់ហើយ។

លោកអាចារ្យពេលាបញ្ជា៖

· ឱ្យគេក្រាលកន្ទេល ដាក់ខ្នើយពីលើកន្ទេល ក្រាលសំពត់សលើខ្នើយ បែរមុខទៅតាមការបង្គាប់របស់អាចារ្យពេលា

· លោកអាចារ្យភាគច្រើន បានបង្គាប់ឲ្យក្រាលកន្ទេលបែរមុខទៅទិសខសងកើតចំ រានទេវតា។ តែអាចារ្យខ្លះបញ្ជា ឲ្យក្រាលកន្ទេលបែរមុខទៅទិសខាងត្បូង។ ឯការក្រាលកន្ទេលបែរមុខទៅទិសខាងជើង និងខាងលិច ពុំដែលមាន ឡើយ។

· ឱ្យរៀបសំណែន មានបាយ សម្ល ផ្លែឈើ នំចំណី... អុជទៀន ធូប រៀបចំភ្ញីផ្កា។ ឲ្យភ្លេងលេងបទហោមរោង។

· លោកអាចារ្យរៀបចំពិធីបួងសួងក្រុងពាលី អ្នករក្សាទឹក រក្សាដី រក្សាព្រៃព្រឹក្សា សូមឲ្យផ្តល់សេចក្តីសុខ សេចក្តីចម្រើន ដល់ពិធីរៀបអាពាហ៍ពិពាហ៍ក្នុងពេលពីរយប់បីថ្ងៃ។

៥. ពិធីសុំគោលការណ៍

ពេលយប់ប្រហែលជាម៉ោង ៨ ឬ ៩ គឺពេលរៀបចំទទួលភោជនាហារភ្ញៀវរួច លោកមហា ព្រមទាំងអ្នកមុខ អ្នកការ ឡើងចូលទៅសុំគាល់លោកមេបា ស្នើសុំពិគ្រោះលើគោលការណ៍ធំៗ ក្នុងពិធីរៀប​​អាពាហ៍ពិពាហ៍នេះ តើបន្តទៅ ថ្ងៃមុខទៀត លោកមេបាអនុញ្ញាតឲ្យធ្វើពិធីអ្វីខ្លះ?

ជាទូទៅលោកមេបាច្រើនតែឲ្យគោលការណ៍ធំៗ ទៅលោកមេបា។ តែលោកមេបាខ្លះបញ្ជាល ម្អិតក្នុង គោលការណ៍ នីមួយៗក្តី រាល់ពិធីទាំងអស់ មុននឹងធ្វើពិធីអ្វីមួយ ត្រូវតែលោកមហាចូលទៅប្តឹងលោកមេបាអំពី បញ្ហានេះជាមុនសិន។ បើមិនដូច្នោះទេ លោកមហាត្រូវតែទទួលការពិន័យពីលោកមេបាជាមិនខាន។

ការធ្វើបែបនេះ ទោះនាំឱ្យមានភាពយឺតយ៉ាវក៏ដោយ ក៏នៅមានលក្ខណៈ ល្អសម្រាប់សង្គមខ្មែរ ដែរ ពីព្រោះ បើយើងចូលទៅនិយាយការអ្វីមួយ ហើយលោកមេបាបានដឹងមុន លោកមេបា បានប្រុងប្រៀបចំ ស្លៀកពាក់ខ្លួនឯងផង រៀបចំបញ្ហាដែលលោកមហាត្រួវលើកមក ស្នើយោបល់នោះផង។ ពេលលោកមហា និងអ្នកមុខអ្នកការ ឡើងទៅគាល់ និយាយការ ជាមួយលោកមេបានោះ លោកមេបា ចាស់ព្រឹទ្ធាចារ្យទាំងអស់បាន រៀបមង្គលនៅទីនោះ រួចស្រេចមិនពិបាក ដល់លោកមេបាស្រែកប្រមូលគ្នីគ្នាឡើយ។

ពេលលោកមហាលើកគោលការណ៍ ទៅពិភាក្សា លោកមេបាបានដឹងបញ្ហាមុនផង និងបាន ពិភាក្សាគ្នា រួចស្រេចផង លោកមេបាច្រើនតែលើយកគោលការណ៍ នោះយកបញ្ជាក់តែម្តងក៏មាន មិនមានបញ្ហាអ្វីនាំឱ្យ លំបាក ឬភ័ន្តច្រលំឡើយ។

ច. ការរៀបអាពាហ៍ពិពាហ៍ថ្ងៃទី២

ការរៀបអាពាហ៍ពិពាហ៍ថ្ងៃទី២នេះ ជាពិធីមួយធំដែលមានមាមីងបងប្អូនចូលរួមច្រើនកុះករ គគ្រឹកគគ្រេង ឈូឆកងរំពង។ ឯពិធីធ្វើក្នុងថ្ងៃទី២នេះ គេច្រើនតែលើកពិធីក្រុងពាលីមកធ្វើមុនគេ។

១. ពិធីក្រុងពាលី

ពិធីក្រុងពាលីនេះ លោកអាចារ្យពេលានៅកន្លែងខ្លះ គេប្រារព្ធនៅពេលល្ងាចថ្ងៃចួលរោងការឲ្យហើយ ពីព្រោះ គេយល់ថាថ្ងៃចូលរោងជាថ្មីដែលចូលទៅទីនោះជាដំបូង។ តែលោកអាចារ្យកន្លែងខ្លះវិញ ថ្ងៃចូលរោង គេគ្រាន់តែ រៀបចំសែន បន្តិចបន្តួចសុំទឹកសុំដី សុំព្រៃព្រឹក្សា សុំកន្លែងសង់រោងផ្កាស្លា សង់រាមទេវតា សុំពិធីចូលរោងអាពាហ៍ពិពាហ៍ តែប៉ុណ្ណោះ។ លុះដល់អាពាហ៍ពិពាហ៍ថ្ងៃទី២ កូនប្រុសចូលមកនៅទីនោះ ទើបគេរៀបពិធីសែនក្រុងពាលី។

ក្នុងថ្ងៃទី២នេះ គេច្រើនរៀបពិធីសែនក្រុងពាលីនៅម៉ោង ៤.៣០នាទី ឬម៉ោង ៥ទៀបភ្លឺ។ តែប្រពៃណីសែនក្រុង ពាលីនេះ លោកអាចារ្យពេលានៅកន្លែងខ្លះ គាត់យកពិធីសែនក្រុងពាលីនេះ ទៅធ្វើនៅពេលថ្ងៃរសៀលនៃថ្ងៃទី២វិញ តែការធ្វើបែបនេះមានចំនួនតិចតួចណាស់។ មុននឹងរៀបចំពិធី នែក្រុងពាលីនេះ លោកមហាចូលទៅសុំ ការអនុញ្ញាត ពីលោកមេបា សុំរៀបចំពិធីសែនក្រុងពាលីនៅពេលាតាមការសំរេចពីលោកអាចារ្យពេលា។ លុះមានការអនុញ្ញាត ពីលោកមេបាហើយ លោកមហាស្នើសុំអញ្ជើញលោកមេបា មាតាបិតាកូនស្រី ព្រមទាំងចាស់ទុំត្រកូលរៀមច្បង ទាំងអស់ទៅចូលរួមក្នុងពិធីសែនក្រុងពាលី។ កាលបើបានដឹងថា លោកមេបាបានយល់ព្រមហើយ លោកអាចារ្យអញ្ជើញ ទៅពិនិត្យកន្លែងរៀបចំពិធីធ្វើក្រុងពាលី តើត្រូវក្រាលកន្ទេលនៅកន្លែងណា? បែមុខទៅទិសណា?

២. ពីធីស្តីដណ្តឹង

ពិធីស្តីដណ្តឹងនេះ បើទុកជាមាននិយាយក្នុងពិធីស្តីដណ្តឹងហើយក៏ដោយ ក្នុងពិធីស៊ីស្លាធំដោយ ភ្ជាប់ពាក្យ ហើយក៏ដោយ ក៏នៅក្នុងពិធីអាពាហ៍ពិពាហ៍ថ្ងៃទី២ គេនៅតែនិយាយស្តីដណ្តឹងថែមទៀត ទោះនិយាយតិចក្តី និយាយច្រើនក្តី។ ពាក្យឈ្មាយ និងមហា ជាពាក្យប្រពៃណីនៃជនជាតិខ្មែរ។ គេនិយាយពាក្យប្រពៃណី ជាពាក្យមួយដែល មានលក្ខណៈកើតទៅតាមតំបន់ តាមកន្លែង។ ដូច្នេះ ការនិយាយស្តីតាមតំបន់នីមួយៗ មិនមានលក្ខណៈដូចគ្នាបេះបិទទេ តែងតែមាន ការល្អៀងឃ្លាតចេញពីគ្នា។ ពាក្យនេះ តំបន់នេះ និយាយបែបនេះ តែតំបន់នោះនិយាយបែប នោះទៅវិញ។ តែគោលដៅ ឬនិយមន័យនៃការនិយាយមិនមានការអ្វីឲ្យខុសគ្នាឡើយ។

៣. ពិធីហែកំណត់

ពីបុរាណកាល ព្រឹកថ្ងៃទី២ នៃថ្ងៃរៀបអាពាហ៍ពិពាហ៍ បន្ទាប់ពីឈ្មាយទាំង៣ និងមហាទាំង៣ ចូលទៅនិយាយ ស្តីដណ្តឹងរួចចប់សព្វគ្រប់ហើយលោកមហា សូមស្នើលោកមេបាឲ្យចាត់អាជ្ញាកណ្តាល ចុះទៅពិនិត្យភស្តុភារបណ្ណាការរួច ឡើងមករាយការណ៍ជូនលោកមេបាហើយ បើលោកមេបាពិនិត្យ ឃើញថា ភស្តុភារបណ្ណាការមានគ្រប់គ្រាន់ហើយ លោកមហាក៏ សូមការអនុញ្ញាតពីលោកមេបា សូមហែកំណត់នាំភស្តុភារមកជូនលោកមេបា។ លោកមេបាតែងតែ មានការយល់ព្រមឲ្យ លោកមហារៀបចំភស្តុភារបណ្ណាការហែកំណត់ឡើងមក។

ពាក្យហែកំណត់ជាអ្វី? ពាក្យថា ហែកំណត់ គីជាការហែនាំយកភស្តុភារទាំងអស់ ដែលបាន កត់ត្រាតាមការយល់ ព្រមពីលោកមេបា យកមកជូនមកជូនលោកមេបាតាមការសន្មត់គ្នានោះ។ ពីបុរាណគេមិនដែលមានរឿងនេះ ត្រូវចោទ សួរគ្នាទេ ពីព្រោះការហែកំណត់ ត្រូវហែចេញពីរោងកូនប្រុសជារៀងរហូត។ ឯរោងកូនប្រុស លោកមេបាមិនដែលមាន ការអនុញ្ញាត ឲ្យធ្វើនៅខាងកើតផ្ទះ រឺខាងត្បូងផ្ទះកូនស្រីឡើយ គឺអនុញ្ញាតឲ្យធ្វើតែនៅខាងជើងផ្ទះ ឬខាងលិចផ្ទះកូនស្រីតែ ប៉ុណ្នោះ។ តាមទស្សនៈខ្មែរអំពីទិសខាងកើត ជាទិសមានសីរីសួស្តីជ័យមង្គល។

៤. ពិធីកាត់ផ្កាស្លា

ពីបុរាណ គេធ្វើពិធីកាត់ផ្កាស្លា ប្រហែលជាម៉ោង ១រសៀលនៃថ្ងៃទី២របស់អាពាហ៍ពិពាហ៍។ សូមបញ្ជាក់ ថាពី បុរាណកាលមក នៅកន្លែងខ្លះ គេគ្មានដើមស្លា គេមិនអាចកាត់យកផ្កាស្លាមកធ្វើជាមង្គលបាន គេកាត់យកផ្កាដូងមកធ្វើ ជាមង្គលជំនួសផ្កាស្លា។ ឯពិធីធ្វើវិញ បើទុកជាគេកាត់យក ផ្កាដូងយកមកធ្វើជាមង្គល ក៏ដោយក៏គេនៅតែហៅថាពិធីកាត់ ផ្កាស្លាដែរ។

១. ត្រូវរកមនុស្សអ្នកឡើងកាត់ផ្កាស្លា

២. ត្រូវរកកាំបិតដ៏មុត សម្រាប់យកទៅកាច់ផ្កាស្លា

៣. ត្រូវរកអំបោះពណ៌ស គឺអំបោះឆៅទើបរវៃរួច

៤. ត្រូវរកជើងពានប្រាក់ សម្រាប់ទ្រផ្កាស្លា

កាលបើរកគ្រឿងប្រដាប់បានសព្វគ្រប់ហើយ លោកមហាត្រូវឡើងទៅជំរាបប្តឹងលោកមេបាតាមដំណើរ។ បើបានការអនុញ្ញាតពីលោកមេបាហើយ លោកមេបាត្រូវនាំរឿងនេះទៅជំរាបលោកអាចារ្យ។ លោកអាចារ្យ លោកមហា មាតាបិតាញាតិមិត្ត អ្នកភ្លេង ចាប់ដង្ហែរកូនប្រុសចេញពីរោង ឬកន្លែងណាមួយឆ្ពោះទៅរកដើមស្លា ឬដើមដូង ដែលគេត្រូវ កាត់យកផ្កាទៅធ្វើជាមង្គលនោះ។

មុនពេលដង្ហែរកូនប្រុសទៅកាត់ផ្កាស្លា លោកអាចារ្យត្រូវទៅពិនិត្យដល់ទីកន្លែង គឺពិនិត្យ មើលផ្កាស្លា និងពិនិត្យ មើលកន្លែងក្រាលន្ទេល។ លុះពិនិត្យរួច ទើបត្រលប់ទៅហែកូនប្រុស ចូលមកកាត់ផ្កាស្លា។ កាលបើហែកូនប្រុសចូលមក ដល់កន្លែងហើយ លោកអាចារ្យបញ្ជាឲ្យ លោកមហាក្រាលកន្ទេល រៀបចំសក្ការបូជា និងឲ្យកូនប្រុសអង្គុយ។

៥. ពិធីកាត់សក់

ពីបុរាណ គេរៀបចំធ្វើពិធីកាត់សក់កូនស្រី កូនប្រុស ក្នុងពេលត្រលប់មកពីកាត់ផ្កាស្លាវិញ ប្រហែលជាវេលា ម៉ោង២រសៀល នៃថ្ងៃអាពាហ៍ពិពាហ៍ទី២។ ពីបុរាណ គេរៀបចំធ្វើពីធីកាត់សក់បែបនេះ កូនស្រី គេរៀបចំនៅលើផ្ទះ នៅត្រង់ល្វែងចន្ទ ( ល្វែងកណ្តាល )។

៦.ពិធីផ្សំផ្គុំ ឬ ផ្ទឹម

នៅៈដំណាក់កាលបញ្ចប់ នៃអាពាហ៍ពិពាហ៍ សមាជិកគ្រួសារ និងញាតិមិត្ត ត្រូវរៀបចំខ្លួនដើម្បីចងដៃដល់ កូនកំលោះ និងកូនក្រមុំដោយខ្សែអំបោះ ស ឬ ក្រហម និងប្រសិទ្ធពរ ជ័យដល់គូស្វាមីភរិយាថ្មី ឲ្យជួបតែសីរីសួស្តី សុភមង្គល សុខភាពល្អ កម្ចាត់រាល់ជំងឺព្យាធិទាំងឡាយ ជោគជ័យគ្រប់ភារកិច្ច ទ្រព្យសម្បត្តិស្តុកស្តម្ភ និងស្រលាញ់គ្នាដល់ចាស់ កោងខ្មង ដោយមានចាស់ទុំទទួលស្គាល់ និងដឹងលឺដោយបន្លឺសម្លេងគងឃ្មោះលាន់ទ្រហឹង ជាមួយសម្លេង ហោរកញ្រ្ជៀវ យ៉ាងសប្បាយរីករាយ ព្រមទាំងមានបាចផ្កាស្លាទៅលើគូស្វាមីភរិយាថ្មី។ ពិធីបំពាក់ចិញ្ជៀន និងអមដោយចម្រៀង៤បទគឺ៖

ផាត់ជាយ ៖ ចម្រៀងច្រៀងអញ្ជើញកូនក្រមុំ ដែលអមដោយអ្នកកំដរកូនក្រមុំ ដើម្បីទៅផ្ទឹមក្នុងនោះមាន ស្រ្តីម្នាក់ដែលគេសម្គាល់ជាសាច់ញាតិ ជាអ្នកដឹកដែ កូនក្រមុំចេញពីបន្ទប់។

គេងសោយ ៖ ចម្រៀងច្រៀង រៀបរាប់អំពីជំនូន ដើម្បឧទ្ទិសដល់ព្រលឹងបុព្វបុរស និងស្នើសុំឲ្យជួយបីបាច់ ថែរក្សាដល់គូរស្នេហ៍ថ្មីថ្មោង។

បង្វិលពពិល ៖ មានតែគូស្នេហ៍ដែលបានរៀបអាពាហ៍ពិពាហ៍ហើយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យ អង្គុយជុំវិញកូនក្រមុំ និងកូនកំលោះ ដើម្បីជាពិសិដ្ឋក្នុងការបង្វិលភ្លើង ( ពពិល ) ៧ជុំ ជុំវិញគូស្នេហ៍ថ្មីថ្មោង។ ភ្លើង ទានដែលធ្វើពីក្រមួនឃ្មុំ គឺតំណាងឲ្យអ្នកខឹងដែលគូស្នេហ៍ត្រូវជៀសវាង វាអាចធ្វើឲ្យការរៀបអាពាហ៍ពិពាហ៍ ត្រូវបង្អាក់។ ផ្សែងនៃអណ្តាតភ្លើងទៀនក្រមួន ទោះបីជាយ៉ាងណាគឺជាពិសិដ្ឋគ្រប់គ្រាន់ក្នុងការការពារពួកគេពី បីសាចទាំពួង ប្រសិនបើពួក គេសន្យា ស្មោះត្រង់និងគ្នាទៅវិញទៅមក។ សមាជិកគ្រួសារដែលទទួលទៀន ដៃពួកគេ ធ្វើចលនាជុំវិញទៀន ដើម្បីនាំផ្សែងនៃវត្ថុសក្តិសិទ្ធិទាំងឡាយទៅឲ្យ កូនក្រមុំ និងកូនកំលោះ។

ឆ. សេចក្តីបញ្ចប់

យើងឃើញថា មង្គលការនៅប្រទេសកម្ពុជា មានច្រើនដំណាក់កាលដែល និងប្រព្រឹត្តទៅតាម ប្រពៃណីពីបុរាណ ព្រោះមង្គលការធ្វើឲ្យគ្រួសារពីរបានផ្សាភ្ជាប់ចំណងមេត្រីភាពជាមួយគ្នា និងដើម្បី ឲ្យគេ ចេះជួយគ្នាទៅវិញទៅមក ពោលគឺ ការរួមសុខទុក្ខរវាងបុរសម្នាក់ និងស្រ្តីម្នាក់ដែលស្រលាញ់គ្នា ហើយសម្រេចចិត្តថានឹងរស់នៅជាមួយគ្នាអស់ំមួយជីវិត។ ហើយវាបង្ហាញអំពីការអបអរសាទរ នឹងការប្រារព្ធពិធី ចំពោះសេចក្តីស្នេហាដោយមានលក្ខណៈផ្លូវការ។ ជាពិសេសវាជា និមិត្តរូបនៃចំណងមេត្រីភាពជាក់លាក់រវាងបុរសម្នាក់ និងស្រ្តីម្នាក់ដែលប្រព្រឹត្តនៅចំពោះមុខសាក្សី និងញាតិសន្តាន។ ដូច្នេះមង្គលការដែលប្រកបដោយសេចក្តីស្នេហាពិតប្រាកដ បានផ្តល់កម្លាំងចិត្តដល់ ការចុះកិច្ចសន្យា ដែលកិច្ចសន្យាបាន បង្កើតឡើងនៅចំពោះមុខសាក្សី ដើម្បីឲ្យគេចេះអត់ធ្មត់ចំពោះគ្នា ទៅវិញទៅមក ដោយនឹកដល់អនុស្សាវរីយ៍នៃថ្ងៃរៀប អាពាហ៍ពិពាហ៍របស់ខ្លួន ហើយនឹងមិនធ្វើការសម្រេចចិត្តឆាប់រហ័សក្នុងការចែកផ្លូវគ្នានៅពេលដែលមានបញ្ហានៅអនាគត។ ហេតុដូច្នេះសេចក្តីស្នេហា នៃគូស្រករគឺកាន់តែចម្រើនឡើង ស្វាមីភរិយាត្រូវការពេលវេលាចាំបាច់ ដើម្បីស្វែងយល់ពីចំណង់ ចំណូលចិត្តរបស់គូស្នេហ៍ និងអាចសម្របសម្រួលឥរិយាបថរបស់ខ្លួន ទៅតាមគូស្នេហ៍ផងដែរ និងដើម្បីសុភមង្គលរបស់ពួក គេនៅពេលអនាគត។


No comments:

Post a Comment